ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០១០
ខេត្ត សៀមរាប ៖ ឪពុកចុងដែលសង្ស័យប្រព្រឹត្តអំពើចាប់រំលោភ និងសម្លាប់កូនស្រីអាយុ១១ឆ្នាំ ត្រូវកំលាំងសមត្ថកិច្ចជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី១៣ តុលា កន្លងទៅ។ បុរសជាប់ចោទដែលត្រូវសមត្ថកិច្ចប៉ូលិសឃាត់ខ្លួននេះឈ្មោះសោម ផុន អាយុ៤៤ឆ្នាំ មុខរបរជាជាងធ្វើផ្ទះ ទីលំនៅសង្កាត់សៀមរាប ក្រុងសៀមរាប។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា បុរសជាឪពុកចុងនេះ បានប្រព្រឹត្តិអំពើឧក្រិដ្ឋចាប់រំលោភកូនស្រីអាយុ១១ឆ្នាំ ជាកូនស្រីច្បងក្នុងចំណោមបងប្អូនស្រីចំនួន២នាក់ ក្នុងបន្ទុកគ្រួសារ។ តាមប្រភពព័ត៌មានឱ្យដឹងថា រឿងអាស្រូវឪពុកចុងចាប់រំលោភកូនស្រីអាយុ១១ឆ្នាំ រួចសម្លាប់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង១០យប់ ថ្ងៃទី១១ តុលា នៅនឹងផ្ទះរបស់ខ្លួន រួចបែកការណ៍ ដោយសារស្ត្រីជាម្តាយ ពេលត្រឡប់មកពីធ្វើការវិញ បាត់កូនក៏ដើររកប្រទះឃើញសាកសពនាវេលាយប់នោះ។
យោងតាមការស៊ើបអង្កេត និងការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ច និងចំលើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានប្រព្រឹត្តបែបនេះប្រាកដមែន ដែលមុនពេលកើតហេតុក្មេងស្រីរងគ្រោះកំពុងដេក បុរសជាឪពុកចុងចិត្តតិរច្ឆានរូបនេះបានចូលទៅអូសជើងក្មេងស្រី ចេញពីក្នុងមុងទៅចាប់រំលោភនៅចង្ក្រានបាយ។ ពេលកំពុងចាប់រំលោភនោះ ដោយសារតែក្មេងស្រីរងគ្រោះស្រែកយំឮខ្លាំងពេកខ្លាចបែក ការណ៍។ ពេលនោះបុរសជាឪពុកចុងក៏ច្របាច់ករហូតដល់ស្លាប់ រួចលើកសាកសពពីចង្ក្រានបាយលើផ្ទះចុះមកដាក់ចោលនៅកន្លែងអណ្តូង ទឹកស្នប់ខាងកើតផ្ទះរួចឡើងទៅធ្វើឥរិយាបថធម្មតាវិញ។ រហូតដល់វេលាម៉ោងប្រមាណជាង១២ និង៣០នាទីយប់ ខណៈពេលដែលស្ត្រីជាម្តាយវិលត្រឡប់មកពីធ្វើការវិញ បាត់កូនហើយសួរបុរសជាប្តីក៏បានឆ្លើយកុហកថា មិនដឹងកូននោះចុះទៅណាទេ។
ដោយមិនអស់ចិត្តស្ត្រីជាម្តាយក៏ដើររក ទើបប្រទះឃើញសពកូនស្រី ដេកស្លាប់នៅក្បែរអណ្តូងទឹកយ៉ាងអាណោចអាធ័ម ទើបស្រែកផ្អើលឆោឡោដល់អ្នកភូមិ និងរាយការណ៍ទៅសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យនាព្រឹកថ្ងៃទី១២ តុលា ដែលរកឃើញថា ក្មេងស្រីរងគ្រោះត្រូវបានចាប់រំលោភ និងមានស្នាមម្រាមដៃច្របាច់.ក បណ្តាលឱ្យស្លាប់ទៀតផង ទើបឈានដល់ការឃាត់ខ្លួនបុរសតិរច្ឆានបញ្ជូនទៅសាលាដំបូង។ នៅចំពោះមុខសមត្ថកិច្ចជនលាមកនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើចាប់រំលោភ និងសម្លាប់ក្មេងស្រីរងគ្រោះដែលជាកូនចុងនេះប្រាកដមែន៕
0 comments:
Post a Comment