ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានសហការជាមួយក្រុមហ៊ុន EMI, Cambodia Capital និងAureos Capital មកពីអឺរ៉ុប រៀបចំធ្វើសិក្ខាសាលាស្តីពីទុនវិនិយោគឯកជនសំរាប់ពង្រីកអាជីវកម្ម ដែលពិធីនោះធ្វើឡើងកាលពីថ្ងៃទី១៦ តុលា នៅភោជនីយដ្ឋានផាកកាហ្វេ មុខមន្ទីរពេទ្យកាល់ម៉ែត។ គោលបំណងនៃអង្គសិក្ខាសាលានេះ គឺធ្វើឡើងដើម្បីផ្តល់ចំណេះដឹងដល់ពាណិជ្ជករកម្ពុជាទាំងឡាយឱ្យ មានការយល់ដឹងថា តើដើម្បីអាចទទួលបានទុនវិនិយោគឯកជននោះគេត្រូវរៀបចំខ្លួនយ៉ាង ម៉្តេចខ្លះ។
ទុនវិនិយោគឯកជននោះគឺជាទុនវិនិយោគមួយដែល ស្ថិតនៅចន្លោះកម្ចីធនាគារនិងទីផ្សារភាគហ៊ុន ហើយទុននោះមិនត្រឹមតែទទួលបានផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ទុនវិនិយោគឯកជននេះថែមទាំងជួយផ្តល់ជាការពិគ្រោះយោបល់ផ្សេងៗ និងជួយដល់ការរៀបចំកសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ក្រុមហ៊ុន ផងដែរ។ ក្រៅពីនេះក្រុមហ៊ុនអាចភ្ជាប់បណ្តាញទំនាក់ទំនងខាងក្រៅដើម្បី ធ្វើយ៉ាងណាឱ្យក្រុមហ៊ុនមានការរីកចំរើនកាន់តែប្រសើរឡើង។ ការផ្តល់ទុនវិនិយោគឯកជនគឺអាស្រ័យទៅលើការវិនិច្ឆ័យ និងវាយតម្លៃលើទុនវិនិយោគឯកជនថាតើក្រុមហ៊ុនណាមួយដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់សមល្មមនឹងទទួលបានហិរញ្ញប្បទាន។
ដូច្នេះហើយទើបពេលនេះសមាគមសហគ្រិនវ័យក្មេង កម្ពុជាបានអញ្ជើញតំណាងតាក្រុមហ៊ុនចំនួន៣០ឱ្យមកចូលរួមស្តាប់ វាគ្មិនចំនួន៣នាក់ដែលមកពីអឺរ៉ុបដើម្បីដកស្រង់បទពិសោធន៍ត្រៀម លក្ខណៈសម្បត្តិក្រុមហ៊ុនឱ្យមានលក្ខណសម្បត្តិគ្រប់គ្រាន់ដូចជារចនា សម្ព័ន្ធគ្រប់គ្រង តម្លាភាព គណនេយ្យភាព និងឯកសារដែលពាក់ព័ន្ធផ្សេងៗទៀត។ តំណាងក្រុមហ៊ុនដែលអញ្ជើញចូលរួមនៅក្នុងសិក្ខាសាលានេះមានដូចជា ក្រុមហ៊ុនអចលនទ្រព្យ សណ្ឋាគារ ភោជនីយដ្ឋាន សហគ្រាសធុនតូចនិងមធ្យម SME ផ្នែកព័ត៌មានវិទ្យា ធនាគារ និងហិរញ្ញវត្ថុ៕
0 comments:
Post a Comment