រាជធានីភ្នំពេញ ៖ រយៈពេល២ទៅ៣ថ្ងៃបន្ទាប់ពីថៅកែលក់នំបុ័ងយីហោរដ្ឋាអង្គរជាតិ ត្រូវជនមិនស្គាល់មុខបាញ់ប្រហារ រួចដឹកសពយកទៅទំលាក់ចោលនៅកាច់ជ្រុងបញ្ជាការដ្ឋានកងយោធពលខេម រភូមិន្ទ ជាប់ទីស្តីការក្រសួងការពារជាតិនោះ ក្រុមឃាតកដែលជាជនដៃដល់មិនទាន់ត្រូវបានវែកមុខទេ ប៉ុន្តែសមត្ថកិច្ចទាំងនគរបាល ទាំងកងរាជអាវុធហត្ថកំពុងដុតដៃដុតជើងតាមបំបែកសំណុំរឿងឃាតកម្ម នេះហើយ ហើយថា ឧក្រិដ្ឋជននឹងអាចឈានដល់ការចាប់ខ្លួននៅពេលឆាប់ៗខាងមុខនេះ។
បានជាមានការអះអាងយ៉ាងដូច្នេះ នៅយប់ថ្ងៃទី១៦ និងព្រឹកថ្ងៃទី១៧ តុលា នគរបាលក្រសួងមហាផ្ទៃសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកំពត បានរកឃើញរថយន្តកាមរីឆ្លាម ពណ៌ស្លែ១គ្រឿង ដែលមានការសង្ស័យថា ជាមធ្យោបាយរបស់ក្រុមឃាតកជិះគេចខ្លួនទៅក្បែរជើងភ្នំមួយក្នុង ខេត្តកំពត។ គួរបញ្ជាក់ថា លោកស៊ឹម រដ្ឋា អាយុ២៩ឆ្នាំ ជាថៅកែហាងលក់នំបុ័ង៣កន្លែង នៅផ្សារចោមចៅ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានអាសយដ្ឋានផ្ទះសង់ថ្មី បុរីពិភពថ្មី ផ្លូវវេងស្រេង។
លោកស៊ឹម រដ្ឋា ត្រូវបានឃាតកមិនស្គាល់មុខបាញ់ឱ្យស្លាប់ចំនួន២គ្រាប់ រួចដឹកតាមរថយន្តឡិចស៊ីស ៤៧០ ពណ៌ស្ករ យកទៅទំលាក់ចោលក្បែរបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទជាប់ ក្រសួងការពារជាតិ បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជនរាប់រយនាក់ទៅចោមរោមមើល ខណៈភ្លៀងកំពុងបង្អុរចុះវេលាម៉ោង៣និង១៥នាទីថ្ងៃទី១៥ តុលា ៕
0 comments:
Post a Comment