rss

Your Ad Here

Thursday, October 21, 2010

ព្រះសង្ឃ​ខ្មែរ​ក្រោម​តវ៉ា​ជំទាស់​ទៅ​នឹង​ការ​តែងតាំង​ព្រះចៅ​អធិការ​វត្ត​ថ្មី

ព្រះសង្ឃ​ខ្មែរ​ កម្ពុជា​ក្រោម និង​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម​ជាង ១០០​នាក់ នៅ​ថ្ងៃ​ទី​២១ ខែ​តុលា បាន​នាំ​គ្នា​សម្ដែង​ការ​ជំទាស់​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​ការ​តែងតាំង​ ព្រះចៅ​អធិការ​ថ្មី​ជា​បណ្ដោះ​អាសន្ន គឺ​ព្រះនាម ឃិន វាសនា ដែល​មិន​មែន​ជា​ខ្មែរ​កម្ពុជា​ក្រោម សម្រាប់​ដឹក​នាំ​នៅ​វត្ត​សាមគ្គីរង្សី នៅ​ជាយ​ទីក្រុង​ភ្នំពេញ។

http://www.rfa.org/khmer/indepth/kkk_monks_protest_against_new_appointed_chief1-10212010035527.html/kk_monks_305.jpg

RFA/Sok Serey

ព្រះសង្ឃ ​នៅ​វត្ត​សាមគ្គីរង្សី ស្ថិត​នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ តវ៉ា​ជំទាស់​ទៅ​នឹង​សេចក្ដី​ប្រកាស​តែងតាំង​ព្រះចៅ​អធិការ​ថ្មី ព្រះនាម ឃិន វាសនា នៅ​ថ្ងៃ​ទី​​២១ ខែ​តុលា ឆ្នាំ​២០១០។

ការ​សម្ដែង​ការ​ប្រឆាំង​ដោយ​កំហឹង​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី ក្រោយ​ពី​មាន​ការ​ប្រកាស​តែងតាំង​ព្រះចៅ​អធិការ​ថ្មី ថែម​ទាំង​មាន​ការ​ទូង​ស្គរ​ធំ វាយ​ជួង និង​ស្រែក​ជំទាស់​ផង។

ប្រធាន​ មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សាង បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ការ​តវ៉ា​នោះ​ថា លោក​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ការ​តែងតាំង​ចៅ​អធិការ​ថ្មី​នេះ ដោយសារ​ព្រះចៅ​អធិការ​ថ្មី​នេះ​មិន​មែន​ជា​ខ្មែរ​កម្ពុជា​ក្រោម ព្រោះ​លោក​យល់​ថា ព្រះចៅ​អធិការ​ថ្មី​អង្គ​នេះ​នឹង​មិន​បម្រើ​ផលប្រយោជន៍​ឲ្យ​ខ្មែរ​កម្ពុជា​ ក្រោម។

លោក​បន្ត​ថា ៖ «គេ​លប​ធ្វើ គេ​អត់​ឲ្យ​យើង​ដឹង​ទេ​រឿង​នេះ ហើយ​លិខិត​ខ្ញុំ​ទៅ​ដល់​ក្រសួង​ធម្មការ មាន​សមាគម​ទាំង ១០»។

ព្រះភិក្ខុ ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះនាម សឿង ខាង ព្រះជន្មាយុ ២៣​ព្រះ​វស្សា នៅ​ក្នុង​ចំណោម​ព្រះសង្ឃ​តវ៉ា​ជា​ច្រើន​អង្គ​ទៀត បាន​មាន​ព្រះ​ថេរ​ដីកា​ថា ការ​តែង​តាំង​នេះ​មិន​បាន​ឆ្លង​កាត់​ការ​ពិគ្រោះ និង​យល់ព្រម​ពី​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ទេ​កន្លង​មក ៖ «ពីព្រោះ​អី​យើង​បាន​ជ្រើសរើស​ហើយ មិន​បាច់​ចាំ​អ្នក​ដឹកនាំ​មក​សម្រុះសម្រួល​នៅ​ក្នុង​ទី​នេះ​ទេ»។

កាល ​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា កន្លង​ទៅ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ១០ ដែល​មាន​ទីស្នាក់ការ​នៅ​កម្ពុជា បាន​ដាក់​ញត្តិ​រួម​គ្នា​ទៅ​ក្រសួង​ធម្មការ និង​សាសនា និង​សង្ឃ​នាយក ដើម្បី​សុំ​ឲ្យ​មាន​ការ​តែងតាំង​ព្រះចៅ​អធិការ​ថ្មី នៅ​វត្ត​សាមគ្គីរង្សី ជា​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​បំណង​ដើម្បី​រក្សា​អត្តសញ្ញាណ​ខ្មែរ​កម្ពុជា​ក្រោម ពីព្រោះ​វត្ត​សាមគីរង្សី គឺ​ជា​វត្ត​តែ​មួយ​គត់​នៅ​ប្រទេស​កម្ពុជា ដឹក​នាំ​ដោយ​ព្រះ​អធិការ​ខ្មែរ​កម្ពុជា​ក្រោម ព្រះសង្ឃ យឿង ស៊ិន ដែល​បាន​សុគត​ទៅ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា កន្លង​ទៅ ដោយ​រោគាពាធ។

មន្ត្រី ​សង្ឃ​ចំនួន ៤​អង្គ មក​ពី​មន្ទីរ​ធម្មការ​រាជធានី​ភ្នំពេញ និង​មន្ទីរ​ធម្មការ​ខណ្ឌ​មានជ័យ និង​មន្ត្រី​អាជ្ញាធរ​ដែន​ដី​មួយ​ចំនួន​ទៀត បាន​មក​ប្រកាស​សមាសភាព​សង្ឃ​ដឹក​នាំ​បណ្ដោះ​អាសន្ន​នៅ​វត្ត​សាមគ្គីរង្សី នៅ​ថ្ងៃ​ទី​២១ ខែ​តុលា។

សមាសភាព​សង្ឃ​ដឹកនាំ​ទាំង​នោះ មាន​ទី​១ ព្រះភិក្ខុសង្ឃ ឃិន វាសនា ជា​ព្រះចៅ​អធិការ ឬ​ប្រធាន​ដឹក​នាំ ទី​២ ព្រះភិក្ខុសង្ឃ រិត លឹម ជា​អនុ​ប្រធាន និង​ទី​៣ ព្រះភិក្ខុសង្ឃ ថាច់ សុវណ្ណារ៉ា ជា​សមាជិក ដែល​មាន​តួនាទី​ដឹកនាំ​វត្ត​សាមគ្គីរង្សី​តាម​ធម្ម​វិន័យ គោរព​តាម​ការ​ណែនាំ​របស់​ក្រសួង​ធម្មការ និង​សាសនា សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ការ​ទទួល​ព្រះសង្ឃ​នានា​ឲ្យ​ស្នាក់​នៅ​ក្នុង​វត្ត ត្រូវ​តែ​មាន​ការ​យល់ព្រម​ពី​មន្ត្រី​សង្ឃ​នៅ​មូលដ្ឋាន។

ព្រះ​ ភិក្ខុសង្ឃ​ព្រះនាម ឃិន វាសនា ព្រះជន្មាយុ ២៩​ព្រះវស្សា ដែល​កំពុង​រង​ការ​ប្រឆាំង​ជំទាស់​មិន​ឲ្យ​ធ្វើ​ជា​ព្រះចៅ​អធិការ​នោះ បាន​មាន​ព្រះ​ថេរ​ដីកា​ថា ព្រះអង្គ​មិន​មែន​ជា​ខ្មែរ​កម្ពុជា​ក្រោម​ទេ។ ការ​តែងតាំង​នេះ​ព្រះអង្គ​មិន​បាន​ដឹង​ជា​មុន។ ព្រះអង្គ​បាន​សន្យា​ថា នឹង​បន្ត​អនុវត្ត​តាម​គន្លង​នៃ​ការ​ដឹកនាំ​របស់​ព្រះចៅ​អធិការ ព្រះសង្ឃ យឿង ស៊ិន។

ព្រះ​ភិក្ខុសង្ឃ​ព្រះនាម ឃិន វាសនា មាន​ថេរ​ដីកា​បន្ត​ថា ៖ «ប្រៀប ​បី ​ដូច​ជា​មនុស្ស​អត់​ដឹង​ខ្លួន ចម្រើន​ពរ។ ការ​បដិសេធ​អី​នោះ អាត្មា​អត់​មាន​ជំទាស់​អ្វី​ទេ ពី​ព្រោះ​អាត្មា​ក៏​ជា​មនុស្ស​អត់​ដឹង​អី​ដែរ»។

គ្មាន​អំពើ​ ហិង្សា​ណា​មួយ ឬ​មាន​ការ​ចាប់​ឃាត់​ខ្លួន​ទេ នៅ​គ្រា​ដែល​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​មក​តាម​ដាន​ការ​តវ៉ា​នោះ ហើយ​មន្ត្រី​សង្ឃ និង​មន្ត្រី​មន្ទីរ​ធម្មការ និង​សាសនា​នៅ​មូលដ្ឋាន ដែល​បាន​ចូល​រួម​ជា​អធិបតី ក៏​បាន​រូតរះ​ចេញ​ពី​វត្ត​សាមគ្គីរង្សី​នោះ​ភ្លាមៗ​ដែរ៕

0 comments:


Post a Comment

Your Ad Here