ខេត្តកំពង់ស្ពឺ ៖ នៅក្នុងបន្ទប់ហាងខារ៉ាអូខេ«ម្លប់ចាន់ត្រជាក់ចិត្ត»នាវេលាម៉ោង ១២ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ តុលា នាងបំរើស្រាបៀរក្នុងហាងខារ៉ាអូខេម្នាក់បានរង របួសស្រាលដោយភ្ញៀវដែលមានចិត្តអប្រិយ ខណៈពេលស្រវឹងជោកជាំ និងតណ្ហាឡើងដល់កំរិតបានបង្ខំនាងឱ្យចូលបន្ទប់ តែដោយនាងពុំព្រមចូល ក៏បាញ់គំរាមបណ្តាលឱ្យគ្រាប់ប្លាតត្រូវកំភួនជើងស្តាំ ហើយត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍ នេះត្រូវបានមន្ត្រីប៉ូលិសសង្កាត់ស្វាយក្រវាន់ឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៨និង៣០នាទីយប់ថ្ងៃទី១២ តុលា មានភ្ញៀវចំនួន៤នាក់ស្លៀកពាក់ស៊ីវិល ជិះរថយន្តកាមរីមួយគ្រឿងពណ៌ទឹកប៊ិច ទៅចូលច្រៀងក្នុងហាងខារ៉ាអូខេយីហោ«ម្លប់ចាន់ត្រជាក់ចិត្ត»នេះ ដែលស្ថិតនៅក្នុងភូមិស្វាយក្រវាន់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន។ ចំណែកម្ចាស់ហាងខារ៉ាអូខម្លប់ចាន់ត្រជាក់ចិត្ត អ្នកស្រីយន ចាន្នី អាយុ៣០ឆ្នាំ បានរាយការណ៍ពីហេតុការណ៍នេះថា មានបុរស៤នាក់បានចូលច្រៀងក្នុងហាងខារ៉ាអូខេបន្ទប់លេខ៣ ហើយក៏បានហៅស្រីបំរើស្រាបៀរចំនួន៤នាក់ដែរ ឱ្យចូលបំរើ និងកំដរដោយបានច្រៀងលេងតាំងពីម៉ោង៨ និង៣០នាទីយប់រហូតដល់ម៉ោង១២ និង៤០នាទីរំលងអធ្រាត្រ។ ភ្ញៀវផឹកស្រាបៀរអស់ពីរកេសកន្លះ ហើយក៏មានជនម្នាក់ដែលពុំស្គាល់ឈ្មោះក្នុងចំណោម៤នាក់នោះបានទាញ ដៃស្ត្រីបំរើស្រាបៀរម្នាក់ឈ្មោះហេង មួយ អាយុ២០ឆ្នាំ ចេញក្រៅក្បែរមាត់ទ្វារ និងទាមទារឱ្យនាងចូលបន្ទប់ឬឡើងលើគ្រែក្នុងបំណងឱ្យនាងបំរើកាម គុណដែលកំពុងពុះកញ្ជ្រោលនេះ។
(រូបថត ចំរើន)
ម្ចាស់ហាងបានរៀបរាប់ទៀតថា ប៉ុន្តែនាងពុំបានស្វាគមន៍បំណងបុរសម្នាក់នោះទេ ហើយក៏ត្រូវបុរសពុំស្គាល់ឈ្មោះនោះលើកកាំភ្លើងខ្លីបាញ់ផ្ញុច លើកំរាលស៊ីម៉ង់ត៍ក្បែរមាត់ទ្វារមួយគ្រាប់បណ្តាលឱ្យប្លាតទៅត្រូវ កំភួនជើងស្តាំរបស់នាង។ ការផ្ទុះអាវុធនោះធ្វើឱ្យភ្ញៀវខាងក្នុងដទៃទៀតផ្អើលឈុលរត់ចេញ មកក្រៅអស់។ លុះឃើញសភាពការណ៍នេះ ក៏នាំគ្នារត់គេចខ្លួន ព្រោះខ្លាចកាំភ្លើងដែលបុរសកំពុងពេញស្រវឹងកាន់នៅដៃ។ ក្រោយពីការផ្ទុះអាវុធមួយគ្រាប់នោះមក មន្ត្រីប៉ូលិសប៉ុសិ៍្តសង្កាត់ស្វាយក្រវាន់បានទៅដល់កន្លែងកើតហេតុ អ្នកបាញ់បានទំលាក់កាំភ្លើងទុកលើតុ និងរត់គេចខ្លួនបាត់ចំនួន៣នាក់។ មន្ត្រីប៉ូលិសបានឃាត់ខ្លួនជនម្នាក់ក្នុងចំណោមគ្នា៤នាក់នោះ ព្រមទាំងរថយន្តមួយគ្រឿង និងកាំភ្លើងខ្លីដែលប៉ូលិសអះអាងថា ជាប្រភេទរូឡូយកទៅកាន់ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្ត ទាំងយប់។
នៅព្រឹកថ្ងៃទី១៣ តុលា ក្នុងហាងខារ៉ាអូខេម្លប់ចាន់ត្រជាក់ចិត្ត សមត្ថកិច្ចចំរុះមានព្រះរាជអាជ្ញាសាលាដំបូងខេត្ត លោកឃុត សុភាង ស្នងការរងនគរបាលខេត្តលោកសោម បូរ៉ា ទទួលបន្ទុកការងារព្រហ្មទណ្ឌ មន្ត្រីកងរាជអាវុធហត្ថលោកអភិបាលក្រុង ចៅសង្កាត់ បានចូលរួមត្រួតពិនិត្យនៅហាងខារ៉ាអូខេនេះ។ លោកព្រះរាជអាជ្ញាឃុត សុភាង បានបញ្ហាឱ្យបិទហាង ខារ៉ាអូខេនេះជាបណ្តោះអាសន្នសិន ទំរាំរកមុខខ្មាន់កាំភ្លើងឃើញ ហើយប្រហែលជាអាចបិទរហូតផងចំពោះអាជីវកម្មបែបនេះ ព្រោះវាស្ថិតនៅកណ្តាលបេះដូងក្រុង ពុំគួរឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងក្រុងបែបនេះទេ។ ចំណែកអ្នកដែលត្រូវប៉ូលិសឃាត់ខ្លួនឈ្នោះអន នួន អាយុ២៤ឆ្នាំ បានអះអាងថា ជាប្អូនរបស់ម្ចាស់រថយន្តម៉ាកកាមរី ពណ៌ទឹកប៊ិច ដែលគេបានខ្ចីជិះមកច្រៀងនៅយប់នោះ។ រីឯលោកទី ទី ឈួទី ដែលជាម្ចាស់រថយន្តបានអះអាងថា មានអ្នកស្គាល់គ្នានៅខេត្តឆ្ងាយមកលេងមួយថ្ងៃក៏បានខ្ចីរថយន្ត របស់លោកមកច្រៀង ហើយបង្កការបាញ់បោះបែបនេះ ដែលរូបលោកនៅឯកន្លែងធ្វើការពុំបានដឹងថាកើតមានរឿងបែបនេះឡើយ។ លោកស្នងការរង សោម បូរ៉ា មានប្រសាសន៍ថា គ្រាប់កាំភ្លើងខ្លីបាញ់ទៅកំរាលស៊ីម៉ង់ត៍មួយគ្រាប់ ហើយប្លាតទៅត្រូវ កំភួនជើងស្ត្រីឈ្មោះហេង មួយ ដែលខ្មាន់កាំភ្លើងរត់បាត់នេះពិតជាកើតឡើងដោយសារតែបង្ខំនាងឱ្យ ចូលបន្ទប់តែនាងពុំព្រម។ សមត្ថកិច្ចនឹងព្យាយាមតាមរកមុខខ្មាន់កាំភ្លើងនេះ ដើម្បីនាំខ្លួនឱ្យតុលាការវិនិច្ឆ័យទោស។
ជាប្រការគួរឱ្យថ្កោលទោសចំពោះសកម្មភាព ខ្មាន់កាំភ្លើងអគតិដែលមានលុយដើរផឹកស៊ីសប្បាយ បែរជាថោកទាបបែបនេះ។ នៅទីបំផុតបានក្លាយទៅជាអ្នកទោសបាញ់បោះបង្កឱ្យមានរបួសស្នាម និងភ្ញាក់ផ្អើល ហើយបើរកឃើញថា កាំភ្លើងដែលប្រើនោះគ្មានច្បាប់ទំលាប់ទៀត គឺមានទោសបន្ថែមទៀតពីបទប្រើប្រាស់អាវុធខុសច្បាប់។ សំរាប់អ្នកប្រើកាំភ្លើងគួរតែគិតថា តើខ្លួនត្រូវមានការប្រុងប្រយ័ត្នបែបណា។ ព្រោះកាំភ្លើងមិនដែលនាំសេចក្តីសុខដល់ខ្លួននោះទេ ទោះបីកាំភ្លើងប្រើស្របច្បាប់ក៏ដោយ បើស្ថិតក្នុងហេតុការណ៍ខាងលើនេះ ក៏នៅតែគេចមិនរួចពីទោសដែរ។ ហេតុនេះ បើដឹងខ្លួនថា ទៅដើរស៊ីផឹកយកល្អគួរកុំយកកាំភ្លើងតាមខ្លួនអី បង្ការពេលស្រវឹង ឬមានជំលោះបែបណាអាចកាត់បន្ថយកំហឹងបានខ្លះមិនខានដូចករណីខាងលើ រឿងចង់ត្រេកត្រអាលមួយប្រាវសោះបែរជាបង្កឱ្យមានរឿងធំ។ អ្វីដែលគួរឱ្យកត់សំគាល់ទៀតនោះគឺហាងខារ៉ាអូខេដែលបើកទ្វាររកស៊ី បែរជារងគ្រោះដោយក្រុមភ្ញៀវអគតិបែបនេះទៅវិញ ព្រោះប្រឈមមុខនឹងការបិទទ្វារធ្វើឱ្យបាត់បង់ការងារ និងការបង់ខាត៕
0 comments:
Post a Comment